ថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
ឃាត់ខ្លួនមនុស្សស្រី៣នាក់ និងចាប់យកវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០
Fri,18 December 2020 (Time 07:39 PM)
ដោយ ៖ ប៊ុនធឿន (ចំនួនអ្នកអាន: 91នាក់)


ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះបង្ក្រាបផ្ទះលក់កាហ្វេមួយកន្លែង ដែលបង្កប់ល្បែងស៊ីសងខុសច្បាប់ (ឆ្នោតឡូតូ) ឃាត់ខ្លួនមនុស្សស្រី៣នាក់ និងចាប់យកវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះលក់កាហ្វេតាមបណ្តោយផ្លូវ២៧១ កែងនឹងផ្លូវ២០០៤ (ស្តប់ណូគា) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រតិបត្តិការចុះបង្ក្រាបបទល្មើសល្បែងស៊ីសងខាងលើនេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោក ឃឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម លោក នាង ផល្លី នាយនគរបាលប៉ុស្តិ៍អូរបែកក្អម នឹងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀត។ សូមរំលឹកថា កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យមានការស៊ើបអង្កេតជាបន្ទាន់។ លោកឧត្ដមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោកបានទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ ពីលោកនាយឧត្ដមសេនីយ៍ នេត សាវឿន រួចហើយ ដើម្បីដឹកនាំកម្លាំងស្រាវជ្រាវករណីក្រុមហ៊ុន ស៊ីន នីវ ដែលប្រជាពលរដ្ឋរាយការណ៍ថា បាននិងកំពុងបើកល្បែងស៊ីសងតាមអនឡាញ Keno Online ជ្រកក្រោមស្លាក ឆ្នោតឡូតូ។ លោកឧត្ដមសេនីយ៍ឯក សៀង សេន បន្តថា ក្នុងករណីសមត្ថកិច្ចស្រាវជ្រាវរកឃើញការពិត ដូចប្រជាពលរដ្ឋរាយការណ៍មែននោះ គឺ សមត្ថកិច្ចនឹងចាត់ការតាមច្បាប់តែម្ដង។ មជ្ឈដ្ឋានជាច្រើន មើលឃើញថា ក្រុមហ៊ុន ស៊ីន នីវ ដែលទទួលបានអាជ្ញាបណ្ណពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យធ្វើអាជីវកម្មឆ្នោតឡូតូ បាននិងកំពុងបំប្លែងឆ្នោតឡូតូមួយនេះ ទៅជាល្បែងស៊ីសងតាមអនឡាញ ពង្វក់ប្រជាពលរដ្ឋស្ទើទូទាំងប្រទេសដោយគ្មានខ្លាចសមត្ថកិច្ចអ្វីទាំងអស់ ដោយក្រុមហ៊ុនបានដាក់តាំងទូរទស្សន៍តាមហាងនានាជាសាធារណៈ យ៉ាងអនាធិបតេយ្យថែមទៀតផង។ បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងមួយចំនួន ត្រូវបានបញ្ជូនទៅអធិការរដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីបន្តនីតិវិធីច្បាប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
559 នាក់
ម្សិលមិញ :
797 នាក់
សប្តាហ៍នេះ :
3754 នាក់
ខែនេះ :
13327 នាក់
3 ខែនេះ :
36753 នាក់
សរុប :
291205 នាក់