អាមេរិក៖ ក្រុមយុទ្ធនាការបោះឆ្នោតរបស់ លោក ដូណាល់ ត្រាំ បានប្រកាសជាថ្មីម្ដងទៀតថា នឹងស្នើសុំឲ្យតុលាការកំពូលអាមេរិក លុបចោលលទ្ធផលបោះឆ្នោត កាលថ្ងៃទី០៣ ខែវិច្ឆិកា ដែលជាចេតនាបង្វែរដំណើរការបោះឆ្នោត ចំពោះភាពស្របច្បាប់នៃប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក រូឌី ហ្គីលៀនី (Rudy Giuliani) មេធាវីផ្ទាល់របស់លោក ត្រាំ បានអះអាងថា ក្រុមយុទ្ធនាការបានដាក់ញ្ញត្តិស្នើសុំឲ្យតុលាការកំពូល លុបចោលសេចក្តីសម្រេចចំនួន ០៣ របស់តុលាការប្រចាំរដ្ឋផេនស៊ីលវេនៀ (Pennsylvania) ជុំវិញសន្លឹកឆ្នោតដែលបោះតាមប្រៃសណីយ៍។ ចំណែកលោក ចូសហ្វ័រ ឌូក្លាស (Joshua Douglas) សាស្រ្តាចារ្យផ្នែកច្បាប់បោះឆ្នោត នៃសាកលវិទ្យាល័យ ខិនថាក់ឃី (Kentucky) បានបញ្ជាក់ថា ការដាក់ញ្ញត្តិគឺជារឿងមិនសមហេតុផល ដែលនឹងមិនអាចបញ្ឈប់លោក បៃដិន ដើម្បីក្លាយជាប្រធានាធិបតីទី ៤៦ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ បានឡើយ ហើយតុលាការនឹងច្រានចោលវាម្តងទៀត។ សូមជម្រាបថា កាលពីថ្ងៃទី១១ ខែធ្នូ កន្លងទៅ តុលាការកំពូលបានបដិសេធពាក្យបណ្តឹងរបស់រដ្ឋតិចសាល់ ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋ Georgia, Michigan, Pennsylvania និង Wisconsin។ នាពេលថ្មីៗនេះ សមាជិកព្រឹទ្ធសភាជាន់ខ្ពស់ នៃគណបក្សសាធារណរដ្ឋជាច្រើនរូប រួមទាំងមេដឹកនាំ នៃព្រឹទ្ធសភាអាមេរិកគឺលោក មីច ម៉ាកខុនណែល (Mitch McConnell) បានទទួលស្គាល់លោក បៃដិន ជាប្រធានាធិបតីជាប់ឆ្នោត បន្ទាប់ពីអង្គបោះឆ្នោតសរុប ៣០៦រូប បានបញ្ជាក់ពីជ័យជម្នះរបស់លោក បៃដិន។ ទោះជាយ៉ាងនេះក្ដី រហូតមកទល់ពេលនេះលោក ដូណាល់ ត្រាំ នៅតែមិនទាន់ទទួលស្គាល់ពីជ័យជម្នះរបស់លោក ចូ បៃដិន និងបន្តអះអាងដោយគ្មានភស្តុតាង អំពីការលួចបន្លំសន្លឹកឆ្នោតដដែល។ លោក ត្រាំ ក៏បានស្នើសុំឲ្យតុលាការនៅក្នុងរដ្ឋជាច្រើន លុបចោលលទ្ធផលបោះឆ្នោត ដោយការដាក់សម្ពាធលើមន្ត្រី, សមាជិកសភា ព្រមទាំងអភិបាលរដ្ឋនានាឲ្យប្រកាសថា លោកជាអ្នកឈ្នះជំនួសវិញ ប៉ុន្តែបានទទួលបរាជ័យរហូត៕
ចំនួនអ្នកទស្សនា