(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់គណៈអភិបាលខណ្ឌ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឲ្យផ្អាកការជួបជុំ និងការប្រគុំតន្ត្រីនៅក្នុងឱកាសឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២០-២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ តាមរយៈសារជាសំឡេងរបស់ឯកឧត្ដម ឃួង ស្រេង ដែលផ្ញើជូនប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ បានបញ្ជាក់ថា ក្នុងករណីនៅមូលដ្ឋានរបស់ខ្លួនមានការប្រគុំតន្ត្រី ល្បែងកម្សាន្ដ ផ្សព្វផ្សាយផលិតផល ឬក៏ពិធីអបអរសាទរបុណ្យឆ្លងឆ្នាំសកលនាឆ្នាំនេះ ត្រូវណែនាំឲ្យពួកគាត់ផ្អាកជាបណ្ដោះអាសន្ន។ មូលហេតុដោយសារព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នូវមិនទាន់ចប់ជាស្ថាពរនៅឡើយ និងម្យ៉ាងទៀតដោយសារមានការឆ្លងរីករាលនៃជំងឺកូវីដ-១៩នៅក្នុងខេត្តសាមុតសាខនប្រទេសថៃំ ហើយនឹងអាចមានពលករខ្មែរមួយចំនួននួន ត្រឡប់ចូលមកកាន់ប្រទេសកម្ពុជាវិញជាដើម។ ដូច្នេះដើម្បីទប់ស្កាត់នូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩នេះ សូមគណៈបញ្ជាការខណ្ឌទាំង១៤នៅរាជធានីភ្នំពេញ ផ្អាកកម្មវិធីជួបជុំជាបណ្ដោះអាសន្ន ដោយត្រូវរង់ចាំការគ្រប់គ្រងជំងឺកូវីដ-១៩បានល្អប្រសើរថែមទៀត និងត្រូវរង់ចាំការណែនាំជាថ្មី។ ជាចុងក្រោយឯកឧត្ដម ឃួង ស្រេង បានថ្លែងថា ហើយក្នុងនោះដែរ ក៏សូមឲ្យប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ធ្វើការផ្សព្វផ្សាយដើម្បីឲ្យប្រជាពលរដ្ឋយើង យល់ដឹង ការពារ និងមានវិធានកូវីដ-១៩នេះឲ្យបានល្អ នៅក្នុងមូលដ្ឋានរបស់យើងរៀងៗខ្លួន៕
ចំនួនអ្នកទស្សនា