រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការ ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការនិងគណៈប្រតិភូអមដំណើរបានអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តបន្ទាយមានជ័យ ។ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរផែនការខេត្តបន្ទាយមានជ័យ ស្ថិតនៅក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយមានការអញ្ជើញចូលរួមពីរលោក ប្រាក់ ប៉ូលី អភិបាលរង ខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។

លោកស្រី ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យបានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងអានរបាយការណ៍សង្ខេបលើកឡើងថា៖ មន្ទីរផែនការខេត្តមានបេសកកម្មទទួលបន្ទុកអនុវត្ត និងសម្របសម្រួលសកម្មភាពការងាររបស់ក្រសួងផែនការក្នុងការដឹកនាំ និងគ្រប់គ្រងលើវិស័យផែនការ និងស្ថិតិ និងជាអង្គភាពចំណុះឲ្យក្រសួងផែនការតាមខ្សែបណ្ដោយ និងចំណុះឲ្យរដ្ឋបាលខេត្តតាមខ្សែទទឹង និងមានតួនាទីភារកិច្ចអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ក្រសួងផែនការតាមជំនាញក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។