អធិការនគរបាលក្រុងរុនតាឯកតេជោសែន ចេញលិខិតបំភ្លឺ ករណីបណ្តាញសង្គមរិះគន់ មកលើកម្លាំងសមត្ថកិច្ច បានចុះទៅអនុវត្តច្បាប់ និង ដកហូតសាច់គោចំនួន ១៥គីឡូ ចេញផ្សាយថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤

ខេត្តសៀមរាប ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឃើញមានបណ្តាញសង្គមមួយចំនួន បានសរសេររិះគន់ មកលើកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ដែលបានចុះទៅអនុវត្តចាប់ និង ដកហូតសាច់គោចំនួន ១៥គីឡូ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ អធិការ នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន សូមធ្វើការបំភ្លឺថា៖ ការអនុវត្តនេះ ដោយមានបណ្ដឹងពីប្រជាពលរដ្ឋ និងការស្នើសុំសហការពីខាងមន្ត្រីជំនាញពេទ្យសត្វ របស់មន្ទីរកសិកម្មខេត្ត និងម្ចាស់ទីតាំងសត្វឃាត នៅក្រុងឈ្មោះ វាសនា ក្នុងគោលបំណងទប់ស្កាត់នូវការនាំសាច់គោ ដែលមិនមានប្រភពច្បាស់លាស់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ ឬគុណភាព និងតម្លៃសាច់គោនៅក្រុងរុនតាឯក អធិការ នៃអធិការដ្ឋាននគរបាល ក្រុងរុនតាឯកតេជោសែន បានចាត់តាំងកម្លាំងជំនាញ ដើម្បីចុះសហការ ជាមួយមន្ត្រីពេទ្យសត្វ ទៅធ្វើការពិនិត្យ។